ការចិញ្ចឹមសត្វព្រៃជាជម្រើសថ្មី តែអ្នកជំនាញថាបទល្មើសសត្វព្រៃអាចនឹងកើនឡើង


English version is coming soon

ដោយ សុខ ឡាក់

រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្មីៗបានជម្រុញមន្ត្រី និងសហគមន៍គិតគូរជម្រើសថ្មីៗ និងប្លែកៗ ក្នុងការលើកកំពស់ជីវភាពប្រជាជន និង អភិរក្សជីវៈចម្រុះ តាមរយៈគិតគូរចិញ្ចឹមសត្វព្រៃដូចជាជ្រូកព្រៃ និងត្រកួត។

Wild Pigលោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថានបាននិយាយថា  ដើម្បីអភិរក្សជីវៈចម្រុះបាន លុះត្រាតែជីវភាពប្រជាជនកើន និងធានាបាន ហើយការអភិវឌ្ឍន៍ក៏ត្រូវដើរតាមតម្រូវការជាក់ស្តែងនៅមូលដ្ជាន​​។ រដ្ឋមន្ត្រីបានលើកឡើងថា “ជ្រូកព្រៃ យើងត្រូវគិតគ្នាមើល តាមច្បាប់ព្រៃឈើ វាខុសច្បាប់ ក៏ប៉ុន្តែយើងត្រូវគិតមើលតើវាអាចទៅជាប្រូតេអ៊ីនជំនួសដូចជាការនេសាទបាទអត់? ឫមួយអាចជាចំណូលអោយបងប្អូនរបស់យើងលក់បានអត់?។”

លោកបន្តថា “ឥឡូវនេះ និយាយរឿងជាក់ស្តែងដើម្បីអភិវឌ្ឍ និងធ្វើអោយសហគមន៍រីកចម្រើន អញ្ចឹងសត្វព្រៃដូចជាជ្រូកព្រៃអាចចិញ្ចឹមលក់បាន ព្រោះបទពិសោធន៍នេះខ្ញុំឃើញនៅអាហ្រិចខាងត្បូង គេបានធ្វើ និងបានចិញ្ចឹមលក់នៅតាមសហគមន៍របស់គេ នេះជាជម្រើសមួយ។”

លោកក៏បានលើកជម្រើសថ្មីៗ ប្លែកៗក្នុងអភិរក្សជីវៈចម្រុះ និងពង្រឹងជីវភាពប្រជាជនថា “ខ្ញុំក៏ធ្លាប់អោយគំនិត បើសិនជាគាត់ចិញ្ចឹមត្រកួតយកពងទៅលក់ តើវាអាចជាចំណូលរបស់ប្រជាជនបានទេ? អាចធ្វើបានអត់? យើងត្រូវគិតរឿងអ្វីប្លែងៗបន្តិច ក្នុងសហគមន៍របស់យើង ។ យើងត្រូវធ្វើយ៉ាងដូចម្ត៉េចអោយជីវភាពរបស់ប្រជាជនកើន។ ការរៀបចំគម្រោង យើងត្រូវគិតរឿងជាក់ស្តែង”។

តាមច្បាប់ព្រៃឈើ  ការបរបាញ់ សំលាប់ ធ្វើពាណិជ្ជកម្ម សន្និធិ កែច្នៃសំណាក ឬនាំចូលប្រភេទសត្វរស់ក្នុងក្រុមនេះ [ក្រុមប្រភេទមានដោយបង្គួរ] ត្រូវទទួលពិន័យអន្តរកាល ពីរដ្ឋបាលព្រៃឈើជាប្រាក់ ចំនួនពីពីរដងទៅបីដងនៃតំលៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ។ ជ្រូកព្រៃ ត្រកួត ចាត់ទុកជាក្រុមប្រភេទមានដោយបង្គួរ យោងតាមប្រកាសស្តីពីចំណាត់ថ្នាក់ និងបញ្ជីឈ្មោះប្រភេទសត្វព្រៃ។ ទោះបីជាយ៉ាងណា ចំណូលពីពាណិជ្ជកម្មសត្វព្រៃមានតម្លៃខ្ពស់ពិសេសនៅទីផ្សារប្រទេសចិនដែលមានតម្រូវការខ្ពស់លើសត្វព្រៃ ហើយពិភពលោកក៏បានទុកពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ជាឧក្រិដ្ឋកម្មដែលរកបានចំណូលលំដាប់ទី៤ បន្ទាប់ពីការជួញដូរអាវុធ មនុស្ស និងគ្រឿងញៀន  ។

តាមរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិស្តីពីឧក្រិដ្ឋកម្មនិងគ្រឿងញៀន (UNODC) បានគណនាក្នុងឆ្នាំ ២០១១ ថាតម្លៃសរុបនៃពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ជាសកលគឺមានចន្លោះពី ៨-១០ពាន់លានដុល្លារ លើកលែងឈើនិងសត្វក្នុងសមុទ្រ។ ចំពោះជួញដូរគ្រឿងញៀនខុសច្បាប់ មានតម្លៃ ៣២០ពាន់លាន់ដុល្លារ និង ជួញដូរមនុស្សខុសច្បាប់មានតម្លៃ ៣១.៦ពាន់លាន់ដុល្លារ។ ភាគច្រើននៃតំរូវការសត្វព្រៃ និងផលិតផលពីសត្វ ព្រៃ​មានដូចជា សាច់ ថ្នាំបូរាណ សត្វ​ចិញ្ចឹមសំរាប់កំសាន្ត និងពា​ន​រង្វាន់ដែលជាផលិតផលធ្វើពីសត្វព្រៃ ដែលទាំងនេះ​ជំរុញអោយការជួញដូរសត្វព្រៃ​មានច្រើន​ឡើង។

ក្នុងរយៈពេល១៥ឆ្នាំ ក្រុម​ជួយ​សង្រ្គោះ​សត្វ​ព្រៃ​រហ័សដែល​ជា​អង្គភាព​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា ហើយ​ដែល​បាន​ទទួល​ជំនួយ​បច្ចេកទេស​ពី​អង្គការ Wildlife Alliance បាន​សង្គ្រោះ​សត្វ​បាន​ចំនួន​ជាង ៦០ ០០០ ក្បាល​ពី​ឈ្មួញ​ខុសច្បាប់។

ក្នុងការលើកកំពស់ជីវភាពប្រជាជន និងការអភិរក្សជីវៈចម្រុះ វាមានជម្រើសថ្មីៗ និងប្លែកៗដែលបានលើកឡើង ដើម្បីតុល្យភាពរវាងជីវៈចម្រុះ និងការរស់នៅរបស់មនុស្ស តែអ្នកអភិរក្សបានលើកឡើងថា សម្រាប់រយៈ​ពេល​វែងមនុស្ស​​ដែលមាន​បំណង​ចង់​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ការ​លក់​សត្វ​ព្រៃ​បាន​អះអាង​ថា​ការ​ធ្វើ​កសិកម្ម​សត្វ​ព្រៃ​គឺ​ជួយដល់​ការអភិរក្សសត្វព្រៃដោយលុបបំបាត់នូវ ​តម្រូវ​ការ​ក្នុង​ការ​បរបាញ់​សត្វ​នៅ​ក្នុង​ព្រៃ​ តែវាមិនបានឆ្លុះបញ្ចាំងទេ ដោយសកម្មភាពបរបាញ់នៅតែបន្ត។

“វាគ្រាន់តែជាទ្រឹស្តីដែលល្អមួយ តែការ​អនុវត្ត​ជាក់ស្តែង​មិន​ដំណើរការ​។ ព្រានព្រៃនៅតែបរបាញ់ដោយមិនខ្វល់ពីប្រភេទសត្វព្រៃថា វាជាសត្វកំរឫអត់។ វិធីសាស្ត្ររបស់ពា្រនព្រៃនៅប្រទេសកម្ពុជាគឺដាក់អន្ទាក់ ហើយអន្ទាក់មិនចេះវិនិច្ច័យថាប្រភេទសត្វព្រៃណាទេ។​” នេះជាការលើកឡើងពី លោក Nick Marx ប្រធានកម្មវិធីសង្គ្រោះ និងថែរក្សាសត្វព្រៃនៅអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)។

លោកបាននិយាយថា អ្នកអភិរក្សសត្វព្រៃនឹងស្វាគមន៍គំនិតនៃការធ្វើកសិកម្មសត្វព្រៃ បើវាទទួលបានជោគជ័យក្នុងការការពារសត្វព្រៃនៅក្នុងជម្រកធម្មជាតិ តែជាអកុសលវាមិនបានដូចបំណងទេ។ លោកគាំទ្រអោយប្រជាជនចិញ្ចឹមមាន់ ទា ជ្រូក និងសត្វគោ ដែលនេះជាវិធីសាស្ត្រដ៏ល្អក្នុងការផ្តល់ជូននូវម្ហូបអាហារ និងមិនបង្កគ្រោះថ្នាក់ដល់ចំនួនសត្វព្រៃផង។

​ឧទាហរណ៍មួយចំនួនដែលលោក Nick Marx បានលើកឡើងក្នុងការឆ្លុះបញ្ចាំងពីបញ្ហានេះ ដូចជា​ករណីការ​ធ្វើ​កសិកម្ម​សត្វ​ខ្លា​​។ សត្វ​ខ្លា​ត្រូវ​បាន​គេ​ចិញ្ចឹម​នៅ​ក្នុង​ប្រទេស​ចិន​និង​ប្រទេស​ថៃ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ការធ្វើកសិកម្ម​សត្វ​ខ្លា​ត្រូវ​បាន​អះអាង​ថា​ជា​ការ​ផ្តួ​ច​ផ្តើម​អភិរក្ស​មួយ​ដោយ​មនុស្ស​ដែល​ចង់បាន​ប្រាក់​ចេញ​ពី​សត្វ​ខ្លា​។ ទោះបីជាយ៉ាងណា ចំនួន​សត្វ​ខ្លា​ថយចុះ និងតិចទៅតិចទៅ​រៀងរាល់​ឆ្នាំ​ហើយ​ប្រហែល​ជា​ផុត​ពូជ​នៅ​ក្នុង​ប្រទេស​ចិន​។ ច្បាស់​ណាស់​ការធ្វើ​កសិកម្ម​មាន​ផល​ប៉ះ​ពាល់​ដល់​ចំនួន​សត្វ​ខ្លា​ព្រៃ​។ ការធ្វើ​កសិកម្មសត្វខ្លា​ផ្តល់​នូវចន្លោះ​មួយ​នៅ​ពីក្រោយ​​ពាណិជ្ជកម្ម​សត្វព្រៃខុស​ច្បាប់គ្មានការ​រំខាន​។ ករណីមួយទៀតគឹ សត្វស្វាកន្ទុយវែងត្រូវបានគេបង្កាត់ពូជនៅក្នុងទ្រុងនៅកសិដ្ឋានសត្វស្វានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនេះមិនបានកាត់បន្ថយតម្រូវការស្វាព្រៃទេ តែធ្វើអោយតំបន់ដែលសំបូរស្វាព្រៃក្លាយជាកំរទៅវិញ។ ករណីផ្សេងមួយទៀតគឺជាការចិញ្ចឹមក្រពើ។  ការចិញ្ចឹមក្រពើបានក្លាយជារឿងធម្មតានៅក្នុងប្រទេសកម្ពុជាទៅហើយ តែប្រភេទចិញ្ចឹមជាប្រភេទសត្វក្រពើសៀម ហើយប្រភេទសត្វក្រពើដើមក្នុងព្រៃនៅប្រទេសកម្ពុជាស្ទើរតែបាត់ចេញពីព្រៃទៅហើយ។

ក្នុងករណីខាងលើ លោក Nick Marx បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាមានភាពឆ្លាតហើយមើលឃើញវែងឆ្ងាយនៅក្នុងករណីជាច្រើន ហើយបានចាត់ទុក “ការធ្វើកសិកម្មសត្វព្រៃ” គឺមិនបានផលប្រយោជន៍ដល់ការអភិរក្ស ហេតុនេះបានជារដ្ឋាភិបាលកម្ពុជាសុខចិត្តអនុវត្តច្បាប់ការពារសត្វទាំងអស់នៅក្នុងព្រៃ។

លោក អ៊ាង សុផល្លែត អ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមិនត្រឹមតែលើកទឹកចិត្តប្រជាជនចិញ្ចឹមសត្វទេ សូម្បីតែដើមឈើដូចជាដើមក្រញូងក៏លើកទឹកចិត្តអោយប្រជាជនដាំ និងប្រមូលផលពីការដំាដុះនេះ។ លោកបានបញ្ជាក់ថា ការចិញ្ចឹមសត្វព្រៃមិនខុសច្បាប់ទេ ការចិញ្ចឹមសត្វព្រៃក៏ដូចជាការដំាឈើឡើងវិញទេ តែផ្ទុយទៅវិញច្បាប់ស្តីពីព្រៃឈើលើកទឹកចិត្តទៀតដល់ប្រជាកសិករធ្វើការដំាដុះ និងចិញ្ចឹមសត្វព្រៃទៀតផង ដើម្បីចូលរួមក្នុងការអភិរក្សសត្វព្រៃ និងស្តារឡើងវិញនូវដើមឈើផង។

ឆ្លើយតបនឹងការកើនឡើងនៃបទល្មើសសត្វព្រៃពីការធ្វើកសិកម្មសត្វព្រៃ លោកសុផល្លែតនិយាយថា “បើសិនជាយើងអនុវត្តច្បាប់ បទល្មើសមិនមានទេ ទោះបីជាយើងចិញ្ចឹមក៏ដោយ មិនចិញ្ចឹមក៏ដោយ បទល្មើសត្រូវតែមានបើសិនយើងមិនបានអនុវត្តច្បាប់ ផ្ទុយទៅវិញ បើសិនជាអនុវត្តនូវច្បាប់ ការចិញ្ចឹមក៏មិននាំអោយមានបទលើ្មសដែរ។ ការអនុវត្តច្បាប់ គឺមិនត្រឹមតែមន្ត្រីរាជការ ក៏អាជ្ញាធ័រ តែសំដៅដល់ប្រជាពលរដ្ឋទាំងមូលគួរនាំគ្នាគោរពច្បាប់។” លោក សុផល្លែត បានប្រាប់ថា លោកមិនមានព័តមានពាក់ព័ន្ធពីបញ្ហានេះច្រើនទេ តែលោកដឹងថានៅមណ្ឌលគីរី មានការចិញ្ចឹមជ្រូកព្រៃដែលមាននាំចូលពីប្រទេសក្រៅ ដើម្បីអោយមានជ្រូកព្រៃក្នុងការកសិដ្ឋាន។

Advertisements